Washington State

Office of the Attorney General

Attorney General

Nick Brown

ថ្ងៃទី 12 ខែសីហា ឆ្នាំ 2025

ស៊ីអាថល —រដ្ឋវ៉ាស៊ីនតោនបានដាក់ឱ្យដំណើរការសាកល្បងនូវខ្សែទូរសព្ទបន្ទាន់សម្រាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀងក្នុងខោនធីចំនួនបីនៅទូទាំងរដ្ឋ។ យោងតាមស្ថិតិឧក្រិដ្ឋកម្មស្អប់ខ្ពើមរបស់ Federal Bureau of Investigation (FBI, ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ) រដ្ឋវ៉ាស៊ីនតោនបានក្លាយជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងប្រាំដែលមានការរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើមច្រើនបំផុតតាំងពីឆ្នាំ 2018។ ខ្សែទូរសព្ទបន្ទាន់សម្រាប់ករណីមិនមែនអាសន្នផ្ដល់ជម្រើសមួយទៀតដល់ប្រជាជនក្នុងខោនធី Clark, King និង Spokane ដើម្បីរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើម ឬហេតុការណ៍លម្អៀង។

ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀងមានផលប៉ះពាល់ធ្ងន់ធ្ងរ និងយូរអង្វែងចំពោះបុគ្គល គ្រួសារ និងសហគមន៍ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថាមិនស្វាគមន៍ ឬគ្មានសុវត្ថិភាពនៅកន្លែងដែលខ្លួនរស់នៅ។ បុគ្គលិកខ្សែទូរសព្ទបន្ទាន់នឹងជួយអ្នកហៅទូរសព្ទក្នុងការស្វែងរកសេវាកម្មជំនួយក្នុងតំបន់ដែលយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត ផ្ដោតលើជនរងគ្រោះ និងអាចធ្វើការបានចម្រុះវប្បធម៌ ហើយអាចជួយរាយការណ៍អំពីហេតុការណ៍ទៅមន្ត្រីអនុវត្តន៍ច្បាប់ក្នុងតំបន់ បើមានការយល់ព្រមពីអ្នកហៅទូរសព្ទ។

ខ្សែទូរសព្ទបន្ទាន់អាចទាក់ទងតាមការហៅទៅលេខ 1-855-225-1010។ អ្នកដែលចង់រាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើម ឬហេតុការណ៍លម្អៀងនៅក្នុងខោនធីដំណើរការសាកល្បងទាំងបីអាចចូលទៅកាន់ atg.wa.gov/report-hate បានផងដែរ។

Legislature (អង្គនីតិបញ្ញត្តិ) បានបង្កើតខ្សែទូរសព្ទបន្ទាន់នៅឆ្នាំ 2024 នៅពេលដែលស្ថាប័ននេះអនុម័ត Senate Bill (សេចក្ដីព្រាងច្បាប់ព្រឹទ្ធសភា) 5427 (ជាភាសាអង់គ្លេស) ដោយមានការគាំទ្រពីបក្សទាំងពីរ។ សេចក្ដីព្រាងច្បាប់នេះបានតម្រូវឱ្យមានកម្មវិធីសាកល្បង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញា) សម្រាប់ខ្សែទូរសព្ទបន្ទាន់នៅខោនធីចំនួនបីក្នុងរដ្ឋវ៉ាស៊ីនតោន — រួមទាំងខោនធីនៅភាគខាងកើតរដ្ឋវ៉ាស៊ីនតោន។ ខោនធីទាំងបីត្រូវបានជ្រើសរើសដោយផ្អែកលើទិន្នន័យឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលមាននៅក្នុងព័ត៌មានប្រជាសាស្ត្ររបស់ខោនធីទាំងនេះ និង Annual Crime Report (របាយការណ៍ឧក្រិដ្ឋកម្មប្រចាំឆ្នាំ) របស់ Washington Association of Sheriffs and Police Chiefs នៃឆ្នាំ 2023។

កម្មវិធីសាកល្បងនេះនឹងបន្តដំណើរការរយៈពេលមួយឆ្នាំកន្លះ បន្ទាប់មកខ្សែទូរសព្ទបន្ទាន់នឹងដំណើរការទូទាំងរដ្ឋត្រឹមខែមករា ឆ្នាំ 2027។ ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀងត្រូវបានរាយការណ៍មិនពេញលេញ ហើយទិន្នន័យអំពីការកើតមានជាទូទៅនៅមានកម្រិត។ ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2027 ការិយាល័យ Attorney General’s Office នឹងធ្វើរបាយការណ៍ប្រចាំឆ្នាំដែលរៀបរាប់អំពីទិន្នន័យដែលប្រមូលបានពីរបាយការណ៍នៃខ្សែទូរសព្ទបន្ទាន់ ដើម្បីពិនិត្យមើលដោយអភិបាលរដ្ឋ អង្គនីតិបញ្ញត្តិរដ្ឋ និងសាធារណជន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀង។

លោកអគ្គរដ្ឋអាជ្ញា Nick Brown មានប្រសាសន៍ថា “ឧក្រិដ្ឋកម្មស្អប់ខ្ពើមមិនត្រឹមតែប៉ះពាល់ដោយផ្ទាល់លើបុគ្គលនោះទេ ថែមទាំងបណ្ដុះគំនិតដែលបង្កការប៉ះពាល់ដល់សហគមន៍ទាំងមូលទៀតផង”។ “ភាពជោគជ័យនៅក្នុងខោនធីទាំងបីនេះនឹងជួយយើងក្នុងការពង្រីកខ្សែទូរសព្ទបន្ទាន់ទូទាំងរដ្ឋ និងយល់កាន់តែច្បាស់ពីវិធីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀងនៅទូទាំងរដ្ឋវ៉ាស៊ីនតោន។”

សមាជិកក្រុមទីប្រឹក្សា និងមន្ត្រីក្នុងតំបន់បានផ្ដល់សេចក្ដីថ្លែងដូចខាងក្រោមអំពីការដាក់ឱ្យដំណើរការខ្សែទូរសព្ទបន្ទាន់សាកល្បង៖

សមាជិកព្រឹទ្ធសភា លោក Javier Valdez, D-ស៊ីអាថល ដែលបានធ្វើសំណើច្បាប់ឱ្យបង្កើតខ្សែទូរសព្ទបន្ទាន់នេះមានលើកឡើងថា “យើងបានបោះជំហានដ៏សំខាន់មួយនៅឆ្នាំ 2019 ដោយកែប្រែច្បាប់ស្ដីពីឧក្រិដ្ឋកម្មស្អប់ខ្ពើម — ប៉ុន្តែការកើនឡើងនៃការស្អប់ខ្ពើម និងហេតុការណ៍លម្អៀងបង្ហាញថា មានកិច្ចការច្រើនទៀតដែលត្រូវធ្វើ”។ “ដូច្នេះទើបខ្សែទូរសព្ទបន្ទាន់នេះមានសារៈសំខាន់។ វាមិនសំខាន់ត្រឹមតែគោលនយោបាយទេ — សំខាន់គឺប្រជាជន។ សំខាន់គឺប្រាកដថា បានដឹងឮរឿងរ៉ាវជនរងគ្រោះគ្រប់រូប និងផ្ដល់ជំនួយ។”

លោក Girmay Zahilay ប្រធានក្រុមប្រឹក្សា King County បាននិយាយថា“នៅគ្រាដែលរដ្ឋបាលសហព័ន្ធដែលមានលក្ខណៈរើសអើងកំពុងជំរុញការប្រកាន់គំនិតហួសហេតុប្រឆាំងនឹងសហគមន៍ងាយរងគ្រោះ មនុស្សជាច្រើននៅ King County កំពុងរស់នៅដោយភ័យខ្លាច និងមិនច្បាស់លាស់។” “ខ្ញុំមានមោទនភាពនឹងចូលរួមជាមួយ Attorney General’s Office ក្នុងគំនិតផ្ដួចផ្ដើមនេះ និងដឹងគុណចំពោះថ្នាក់ដឹកនាំសហគមន៍នានា ដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនេះ។ យើងនឹងរួមគ្នាបន្តសាមគ្គីប្រឆាំងនឹងការស្អប់ខ្ពើម។”

លោកស្រី Lisa Brown ប្រធានខោនធី Spokane មានប្រសាសន៍ថា “Spokane ស្វាគមន៍ការដាក់ឱ្យដំណើរការ Hate Crimes & Bias Incidents Hotline (ខ្សែទូរសព្ទបន្ទាន់សម្រាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀង) និងមានមោទនភាពដែលបានក្លាយជាទីតាំងសាកល្បងដំបូងទាំងបី។” “Office of Civil Rights, Equity, and Inclusion (ការិយាល័យសិទ្ធិពលរដ្ឋ សមធម៌ និងបរិយាបន្ន) របស់យើងបានចូលរួមជាមួយក្រុមការងាររបស់អគ្គរដ្ឋអាជ្ញាតាមរយៈការអភិវឌ្ឍរបស់ខ្លួន ហើយយើងមើលឃើញថានេះជាមធ្យោបាយដ៏សំខាន់ក្នុងការកែលម្អការរាយការណ៍ និងធានាថាមានគណនេយ្យភាពនៅទូទាំងសហគមន៍។”

លោកស្រី Amber Waldref ស្នងការខោនធី Spokane បានលើកឡើងថា “ខ្ញុំមានមោទនភាពដែលខោនធី Spokane កំពុងនាំផ្លូវតាមរយៈការសាកល្បងកម្មវិធី Hate Crimes Hotline”។ “ខ្ញុំមានសង្ឃឹមខ្លាំងថា មធ្យោបាយនេះនឹងបង្កើតឱកាសថ្មីសម្រាប់ប្រជាជនក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលអាចកើតមាន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខដល់គ្រប់គ្នាក្នុងសហគមន៍របស់យើង។”

លោក John Horch តម្រួតតំបន់ Clark ខោនធី មានប្រសាសន៍ថា “ខ្សែទូរសព្ទបន្ទាន់នេះគឺជាការបោះជំហានដ៏សំខាន់មួយ ដែលធានាថាប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើម”។ “យើងចង់ឱ្យគ្រប់គ្នាក្នុងសហគមន៍របស់យើងដឹងថា មតិយោបល់របស់ពួកគេពិតជាសំខាន់ ហើយយើងមានជំនួយផ្ដល់ជូន។”

“លោក Thanh Tran សហប្រធាន HAPPEN Business Resource Group បានលើកឡើងថា “សហគមន៍ជនជាតិអាស៊ី ជនជាតិដើមហាវ៉ៃ និងអ្នកកោះប៉ាស៊ីហ្វិកបានជួបប្រទះឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀងរាប់រយឆ្នាំមកនេះ ហើយបញ្ហានេះកាន់តែខ្លាំងឡើងក្នុងអំឡុងជំងឺរាតត្បាតជាសកល”។ “ហេតុការណ៍ទាំងនេះបន្តកើតឡើងរៀងរាល់ថ្ងៃ ដោយស្ទើរតែគ្មានការលើកឡើងនៅក្នុងព័ត៌មានសំខាន់ៗ។ ខ្ញុំមានសង្ឃឹមខ្លាំងថាខ្សែទូរសព្ទបន្ទាន់នេះនឹងលើកទឹកចិត្តជនរងគ្រោះឱ្យរាយការណ៍អំពីហេតុការណ៍ទាំងនេះ ដើម្បីឱ្យយើងអាចផ្ដល់សិទ្ធិអំណាចដល់សហគមន៍ និងឆ្ពោះទៅរកយុត្តិធម៌ ក៏ដូចជាសះស្បើយ។”

លោកស្រី Catalina Velasquez នាយកប្រតិបត្តិនៃ Washington Immigrant Solidarity Network បាននិយាយថា“ខ្សែទូរសព្ទបន្ទាន់នេះមានសារៈសំខាន់ក្រៃលែង ដោយសារវាជាការទទួលស្គាល់ថាសហគមន៍របស់យើងបានដឹងរហូតមកថា៖ ការស្អប់ខ្ពើមមិនមែនមានតែក្នុងនិយមន័យច្បាប់មិនទូលំទូលាយដែលតម្រូវឱ្យមានការប៉ះពាល់រាងកាយ ឬការខូចខាតទ្រព្យសម្បត្តិនោះទេ”។ “នៅពេលគ្រួសារជនអន្តោប្រវេសន៍ក្នុងបណ្ដាញរបស់ខ្ញុំប្រឈមនឹងសម្ដីបំពានដែលធ្វើឱ្យពួកគេមិនហ៊ានបញ្ជូនកូនៗទៅសាលារៀន នៅពេលមនុស្សមានភេទខុសពីភេទកំណើតសម្បុរខុសពីស ជួបប្រទះការរើសអើងដោយប្រយោលរាល់ថ្ងៃដែលឆក់យកភាពជាមនុស្សរបស់ពួកគេ នៅពេលជនចាស់ជរាត្រូវបានប្រាប់ថា ‘មកពីណា ទៅហ្នឹងវិញទៅ’ — ទាំងនេះគឺជាសកម្មភាពហិង្សាដែលបង្កើតបានជាលក្ខខណ្ឌចាំបាច់ និងសមត្ថភាពរបស់យើងក្នុងការរស់នៅដោយសុវត្ថិភាពក្នុងពិភពលោកនេះ។ ខ្សែទូរសព្ទបន្ទាន់នេះបង្កើតកន្លែងសម្រាប់កត់ត្រាទុក ជឿជាក់ និងឆ្លើយតបនឹងបទពិសោធទាំងនេះ ដែលយកចិត្តទុកដាក់ដោយយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត និងអាចធ្វើការបានចម្រុះវប្បធម៌។”

លោក Hershel Zellman សមាជិកក្រុមប្រឹក្សា Human Rights Spokane លើកឡើងថា “ខ្ញុំរំពឹងថាខ្សែទូរសព្ទបន្ទាន់នេះនឹងអាចឱ្យជនរងគ្រោះនៃការស្អប់ខ្ពើមមានអារម្មណ៍ដូចជាពួកគេមានការគាំទ្រនៅសហគមន៍ក្នុងតំបន់របស់ខ្លួន”។ “ខ្ញុំក៏រំពឹងដែរថា ស្ថិតិដែលប្រមូលបានតាមរយៈខ្សែទូរសព្ទបន្ទាន់នេះនឹងប្រើដើម្បីបង្កើតកម្មវិធីអប់រំ និងយុទ្ធសាស្ត្រអនុវត្តន៍ច្បាប់សម្រាប់កាត់បន្ថយការកើតឡើងការស្អប់ខ្ពើមពីដំបូង។”

លោកស្រី Sabrene Odeh អ្នកតស៊ូមតិផ្លូវច្បាប់មកពី Council on American-Islamic Relations ក្នុងរដ្ឋវ៉ាស៊ីនតោនបាននិយាយថា “យើងសង្ឃឹមថាខ្សែទូរសព្ទបន្ទាន់នេះនឹងផ្ដល់ជំនួយដែលអាចធ្វើការបានចម្រុះវប្បធម៌ កសាងទំនុកចិត្តជាមួយសហគមន៍មូស្លីម និងលើកទឹកចិត្តឱ្យសមាជិកសហគមន៍កាន់តែច្រើនរាយការណ៍អំពីហេតុការណ៍”។ “យើងសង្ឃឹមថាវានឹងអាចឱ្យយល់ដឹងកាន់តែប្រសើរអំពីការរើសអើងមូស្លីម បង្កើនភាពសុក្រឹតរបស់កម្មវិធីនិងគំនិតផ្ដួចផ្ដើមដែលផ្ដោតលើសហគមន៍នាពេលអនាគត ព្រមទាំងផ្ដល់ជំនួយដែលសមស្របនឹងសមាជិកសហគមន៍របស់យើង។ ការតំណាងសហគមន៍មូស្លីមក្នុងការរៀបចំបង្កើត និងការអនុវត្តខ្សែទូរសព្ទបន្ទាន់នេះជួយពង្រឹងសារថា សុវត្ថិភាពរបស់មូស្លីមគឺជាអាទិភាព និងត្រូវបានផ្ដល់តម្លៃ។”

លោក Momodou Jobe នាយកកម្មវិធី Washington West African Center បានលើកឡើងថា “ស្ថាប័នរបស់យើងគឺជាអ្នកនាំសារដ៏គួរឱ្យទុកចិត្តរបស់សហគមន៍ដែលយើងផ្ដល់សេវាជូន”។ “សំឡេងរបស់យើងបានមកពីអ្វីដែលសហគមន៍របស់យើងប្រាប់ ហើយការចូលរួមរបស់យើងក្នុងការរៀបចំបង្កើតខ្សែទូរសព្ទបន្ទាន់នេះបាននាំយកសំឡេងសហគមន៍របស់យើងមកកាន់បន្ទប់ដោះស្រាយ។”

លោកស្រី Miri Cypers នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកប៉ែកពាយព្យនៃ Anti-Defamation League បាននិយាយថា “មនុស្សច្រើនជ្រុលនៅក្នុងសហគមន៍ជ្វីហ្វកំពុងតតាំងនឹងផលប៉ះពាល់នៃការស្អប់ខ្ពើមជនជាតិជ្វីហ្វកាន់តែខ្លាំងឡើងៗ ហើយត្រូវការធនធាននិងសេវាកម្មកាន់តែច្រើន”។ “ពីក្មេងតូចៗបំផុតរបស់យើងដែលជួបការលំបាកដោយសារហេតុការណ៍លម្អៀងនៅសាលារៀនថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12 រហូតដល់គ្រឹះស្ថានសហគមន៍ដែលប្រឈមនឹងការគំរាមកំហែង ខ្សែទូរសព្ទបន្ទាន់នេះនឹងផ្ដល់ជំនួយដែលយល់ដឹងអំពីវប្បធម៌។”

លោក Jasmit Singh នាយកប្រតិបត្តិនៃ Khalsa Gurmat Center បានលើកឡើងថា “សហគមន៍ Sikh ប្រកាន់ជំហរយ៉ាងរឹងមាំដើម្បីយុត្តិធម៌ និងសមធម៌សម្រាប់មនុស្សគ្រប់រូប”។ “យើងចាត់ទុកការបង្កើតខ្សែទូរសព្ទបន្ទាន់នេះជាយន្តការដ៏សំខាន់បំផុតសម្រាប់មនុស្សដែលបានជួបប្រទះការរើសអើងឬការស្អប់ខ្ពើម ដើម្បីបានឮសំឡេងរបស់ពួកគេ និងដើម្បីដោះស្រាយហេតុការណ៍នានា។ ខ្សែទូរសព្ទបន្ទាន់នេះផ្ដល់សិទ្ធិអំណាចដល់សហគមន៍ និងពង្រឹងសារថា មិនត្រូវមានការស្អប់ខ្ពើមក្នុងរដ្ឋវ៉ាស៊ីនតោនជាដាច់ខាត។” 

សម្រាប់ព័ត៌មានបន្ថែមអំពីខ្សែទូរសព្ទបន្ទាន់របស់រដ្ឋវ៉ាស៊ីនតោនសម្រាប់ឧក្រិដ្ឋកម្មស្អប់ខ្ពើម និងហេតុការណ៍លម្អៀង សូមចូលទៅកាន់ atg.wa.gov/report-hate។ 

និយមន័យ

ច្បាប់រដ្ឋវ៉ាស៊ីនតោនចែងថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមគឺជាការបំពាន ការធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ឬការគំរាមបង្ករបួសឬគំរាមធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដែលប្រព្រឹត្តដោយសារតែការយល់ឃើញចំពោះជាតិសាសន៍ សម្បុរ សាសនា បុព្វបុរស ប្រទេសកំណើត ភេទ និន្នាការផ្លូវភេទ ការបង្ហាញអំពីភេទឬអត្តសញ្ញាណ ឬពិការភាពរបស់បុគ្គលណាម្នាក់។

ហេតុការណ៍លម្អៀងគឺជាសកម្មភាពរើសអើងដែលមិនមានលក្ខណៈជាឧក្រិដ្ឋជន ហើយមិនមានអំពើហិង្សា ការគំរាមកំហែង ឬការធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។ ទោះបីជាហេតុការណ៍លម្អៀងមិនអាចចោទប្រកាន់ជាបទឧក្រិដ្ឋ ក៏មានសារៈសំខាន់ក្នុងការរាយការណ៍ដែរ។

-30-

 

អគ្គរដ្ឋអាជ្ញានៃរដ្ឋវ៉ាស៊ីនតោនបម្រើប្រជាជន និងរដ្ឋវ៉ាស៊ីនតោន។ ក្នុងនាមជាស្ថាប័នច្បាប់ធំបំផុតរបស់រដ្ឋ Attorney General’s Office ផ្ដល់ការតំណាងផ្លូវច្បាប់ដល់គ្រប់ទីភ្នាក់ងាររដ្ឋ ក្រុមប្រឹក្សា និងគណៈកម្មការក្នុងរដ្ឋវ៉ាស៊ីនតោន។ បន្ថែមពីនេះ ការិយាល័យនេះបម្រើប្រជាជនដោយផ្ទាល់ ដោយពង្រឹងច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ សិទ្ធិពលរដ្ឋ និងការការពារបរិស្ថាន។ ការិយាល័យនេះក៏កសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះការបំពានជនចាស់ជរា ការគៃបន្លំកម្មវិធី Medicaid និងដោះស្រាយករណីជនធ្វើបាបហិង្សាផ្លូវភេទនៅក្នុងខោនធីចំនួន 38 ក្នុងចំណោម 39 របស់រដ្ឋវ៉ាស៊ីនតោនផងដែរ។ សូមចូលមើល www.atg.wa.gov ដើម្បីស្វែងយល់បន្ថែម។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

អ៊ីមែល៖ press@atg.wa.gov

ទូរសព្ទ៖ (360) 753-2727

ទំនាក់ទំនងទូទៅ៖ ចុចត្រង់នេះ (ភាសាអង់គ្លេស)

សំណួរដែលសួរញឹកញាប់ (FAQ) អំពី Attorney General’s Office និងការណែនាំអំពីធនធានប្រព័ន្ធផ្សព្វផ្សាយ